NEWS>>អាថ៌​កំបាំង​នៃ​ការ​បាត់ឈ្មោះ​អ្នកឧកញ៉ា​សុខ​គង់​ក្នុង​បញ្ជី​សមាជិក​ព្រឹទ្ធសភា​-​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​

អាថ៌​កំបាំង​នៃ​ការ​បាត់ឈ្មោះ​អ្នកឧកញ៉ា​សុខ​គង់​ក្នុង​បញ្ជី​សមាជិក​ព្រឹទ្ធសភា​-​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​

​មនុស្ស​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​តិច​ណាស់​ដែល​ថា​មិន​ល្បី​ឮឈ្មោះ​អ្នកឧកញ៉ា​ សុខ​ គង់​ អគ្គនាយក​ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សូ​គី​ម៉ិច​ ជា​អគ្គនាយក​ក្រុមហ៊ុន​សុខា​អូ​តែ​ល​ និង​ជា​អតីត​ប្រធាន​សភា​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​ ។​
​ភាព​ល្បីល្បាញ​ក្នុង​មុខរបរ​ជំនួញ​របស់​អ្នកឧកញ៉ា​សុខ​ គង់​ មិន​ត្រឹម​តែ​ក្នុង​វិស័យ​ប្រេងឥន្ធនៈ​ប៉ុណ្ណោះ​ទេ​ គឺ​ពាក់ព័ន្ធ​នឹង​សេវាកម្ម​ទេស​ចរណ៍​ធំៗ​នៅ​កម្ពុជា​ទៀត​ ជា​ពិសេស​អាជីវកម្ម​គ្រប់គ្រង​ប្រមូល​ចំណូល​ទេសចរណ៍​ពី​ប្រាង្គ​ប្រាសាទ​អង្គរវត្ដ​(​ខេត្ដសៀមរាប​)​ រមណីយ​ដ្ឋា​ន​ភ្នំ​បូកគោ​(​ខេត្ដកំពត​)​ ស​ណ្ឋា​គារ​ថ្នាក់​ផ្កាយ​នៅ​ខេត្ដ​ព្រះ​សីហ​នុ​ …​ជាដើម​ ។​ ដោយសារ​ប្រាសាទ​ព្រះ​វិហារ​នៅ​មាន​បញ្ហា​ចម្រូង​ចម្រាស​ជាមួយ​ប្រទេស​ថៃ​នៅ​ឡើយ​ កុំ​អី​គម្រោង​ធ្វើ​សេវាកម្ម​ទេសចរណ៍​នៅ​រមណីយដ្ឋាន​ប្រវត្ដិ​សាស្ដ្រ​ប្រាសាទព្រះវិហារ​របស់​អ្នកឧកញ៉ា​ សុខ​ គង់​ ត្រូវ​បាន​សម្រេច​ដូច​បំណង ​(​ពីព្រោះ​គម្រោង​បាន​សិក្សា​រួចរាល់​ហើយ​)​ ។​
​តាំងពី​អាណត្ដិ​មុនៗ​មក​ម្ល៉េះ​ មាន​ឧកញ៉ា​ អ្នកមាន​ទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ​មួយ​ចំនួន​ដែល​ធ្លាប់​ជួយ​ឧបត្ថម្ភ​លុយកាក់​ សម្ភារៈ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ត្រូវ​បាន​គណបក្ស​សម្រេច​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​ ដូច​ជា​ ឧកញ៉ា​ សៀង​ ណាំ​ (​អ្នកតំណាង​រាស្ដ្រ​មណ្ឌល​ខេត្ដសៀមរាប​)​ ឧកញ៉ា​ប៉ោ​ ទ្រី​(​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​)​ ឧកញ៉ា​អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ (​រដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​)…​និង​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​ ដូច​ជា​ឧកញ៉ា​ ម៉ែ​ន​ សា​រុន​ (​បច្ចុប្បន្ន​មរណភាព​)​ ។​ល​។​
​ដោយឡែក​ សម្រាប់​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​២​និង​នីតិកាល​ទី​៣ ​មាន​ឧកញ៉ា​ដែល​ជា​អ្នកមានលុយកាក់​ជា​ច្រើន​រូប​ត្រូវ​បាន​គណ​បក្ស​ប្រជាជន​កម្ពុជា​សម្រេច​ឱ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​ព្រឹទ្ធ​សមាជិក​ទទួល​បាន​ងារ​ជា​(​ឯកឧត្ដម​ឧកញ៉ា​)​ ទល់​សព្វថ្ងៃ​ ដូច​ជា​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​,​ ឧកញ៉ា​ឡាវ​ ម៉េ​ង​ឃី​ន​,​ ឧកញ៉ា​ម៉ុង​ ឫ​ទ្ធី​,​ ឧកញ៉ា​កុក​ អាន​,​ ឧកញ៉ា​ ស៊ី​ គង់​ទ្រី​វ​…​។​
​ក្រៅ​អំពី​វត្ដមាន​របស់​អ្នកឧកញ៉ា​ លោក​ឧកញ៉ា​ លោក​ជំទាវ​ឧកញ៉ា​ ដែល​បាន​ជាប់​ឈ្មោះ​ជា​សមាជិក​រដ្ឋសភា​ សមាជិក​ព្រឹទ្ធសភា​ និង​ជា​សមាជិក​រាជរដ្ឋាភិបាល​ គឺ​មាន​ឧកញ៉ា​ខ្លះ​ត្រូវ​បាន​តែងតាំង​ឱ្យ​មាន​មុខងារ​នៅ​ក្នុង​ស្ថាប័ន​កាកបាទ​ក្រហម​កម្ពុជា​ ដូច​ជា​លោក​ជំទាវ​ឧកញ៉ា​ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ (​ជា​ភរិយា​របស់​ឯកឧត្ដម​ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ សមាជិក​ព្រឹទ្ធ​សភា​ និង​ជា​អ្នក​វិនិយោគ​លើ​ផ្ទៃដី​តំបន់​បឹង​កក់​)​ ជា​អនុប្រធាន​ទី​២​ កាកបាទក្រហមកម្ពុជា​អាណត្ដិ​ទី​៥,​ ឧកញ៉ា​កុក​ អាន​,​ ឧកញ៉ា​លី​ យ៉ុ​ង​ ផាត់​,​ ឧកញ៉ា​ម៉ុង​ ឫ​ទ្ធី​,​ ឧកញ៉ា​ គិត​ ម៉េ​ង​(​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​)​ លោក​ជំទាវ​ឧកញ៉ា​ លី​ម​ ឈី​វ​ហូរ​​ (​អគ្គ​នាយិកា​ក្រុម​ហ៊ុន​អ៊ែ​ត​វូ​ត​)​ជា​សមាជិក​-​សមាជិកា​គណៈកម្មាធិការ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា​អាណត្ដិ​ទី​៥,​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​(​អតីត​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​កាកបាទក្រហម​កម្ពុជា​អាណត្ដិ​ទី​៤)…​។​ល​។​​ អ្នក​ឧកញ៉ា​ លោក​ឧកញ៉ា​ លោក​ជំទាវ​ ឧកញ៉ា​ ដែល​មានមុខ​ងារ​នៅ​ក្នុង​កាកបាទក្រហមកម្ពុជា​ ដែល​មាន​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ជំទាវ​ធំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ គឺ​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់​ ទាំង​អំណាច​ ទាំង​លុយកាក់​ ។​
​ដូចនេះ​ ទាំង​មុខងារ​នៅ​ក្នុង​កាកបាទក្រហមកម្ពុជា​ ទាំង​មុខ​ងារ​ជា​សមាជិក​ព្រឹទ្ធសភា​ សមា​ជិ​ក​រដ្ឋសភា​ សមាជិក​រាជរ​ដ្ឋា​ភិ​បាល​ គឺ​មិន​មានឈ្មោះ​អ្នកឧកញ៉ា​បណ្ឌិត​សុខ​ គង់​ អ្នកមាន​ទ្រព្យ​សម្បត្ដិ​មហាសាល​នោះ​ឡើយ​ តើអាច​ចាត់​ទុក​ថា​ មាន​អាថ៌​កំបាំង​ដែរ​ឬទេ​ ?
​មជ្ឈដ្ឋាន​អ្នកវិភាគ​ឯករាជ្យ​នៅ​កម្ពុជា​បាន​សម្ដែង​នូវ​ការ​ងឿងឆ្ងល់​ដែរ​ថា​ តើ​ហេតុ​អ្វី​មិនឃើញ​មាន​ឈ្មោះ​អ្នកឧកញ៉ា​សុខ​ គង់​ ដែល​ជា​សេដ្ឋី​ដ៏​មានទ្រព្យ​សម្បត្ដិ​ម្នាក់​ ទាំង​នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្ដិ​ (​ព្រឹទ្ធសភា​ រដ្ឋសភា​)​ ទាំង​នៅ​ក្នុង​ស្ថាប័ន​នីតិប្រតិបត្ដិ​(​រាជរដ្ឋាភិបាល​)​ ទាំង​នៅ​ក្នុង​ស្ថាប័ន​កាកបាទក្រហម​កម្ពុជា​ ?​ មក​ពី​អ្នកឧកញ៉ា​បណ្ឌិត​ សុខ​ គង់​ មិន​ចង់​ទទួល​បាន​មុខ​ងារ​ក្នុង​ស្ថាប័ន​ទាំងនេះ​ ឬ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ពេញ​ ចិត្ដនឹង​វត្ដមាន​របស់​អ្នកឧកញ៉ា​បណ្ឌិត​រូប​នេះ​នៅ​ក្នុង​ស្ថាប័ន​ទាំង​នោះ​ ?​ បើ​និយាយ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​“​បំភ្លេច​”​ឬ​មិន​ពេញចិត្ដ​ ហាក់ដូចជា​មិនសូវ​សម​ ពីព្រោះ​អ្នកឧកញ៉ា​បណ្ឌិត​ សុខ​ គង់​ ធ្លាប់​ជួយ​ផ្គត់ផ្គង់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ប្រេងឥន្ធនៈ​ ទាំង​ទ្រព្យ​សម្ភារៈ​ផ្សេងៗ​ទៀត​មិន​ស្ទើរ​ឡើយ​ ហើយ​ក៏​ធ្លាប់​ជួយ​យិ​ត​ យោង​មន្ដ្រី​គណបក្ស​ប្រជាជន​កម្ពុជា​ ឱ្យ​ក្លាយជា​អ្នក​មានបាន​ទាក់ទង​នឹង​ការ​រកស៊ី​ផ្គត់ផ្គង់​នៅ​ក្រសួង​ការពារ​ ជាតិ​ ក្រសួងមហាផ្ទៃ​ និង​ការ​ប្រ​មូល​ចំណូល​សេវា​ទេសចរណ៍​នៅ​ប្រាង្គ​ប្រាសាទអង្គរវត្ដ​មិន​តិច​នាក់​ដែរ​ ។​
​តើ​អ្វី​ទៅ​ជា​ការ​ពិត​ ឋិត​នៅ​ជា​អាថ៌​កំបាំង​ពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា​បណ្ឌិត​ សុខ​ គង់​ និង​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ ដែលជាគណបក្សនយោបាយកាន់អំណាចដុះស្លែមួយនេះ ?​ ៕
Sok-Kongអ្នកឧកញ៉ា បណ្ឌិត សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច
Sok-Kong-&-Theng-Bun-Ma1អ្នកឧកញ៉ា បណ្ឌិត សុខ គង់ និងអ្នកឧកញ៉ា ថេង ប៊ុនម៉ា កាលនៅមានឥទ្ធិពល
Share this post :

Post a Comment

Test Sidebar

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KHMER HOMEPAGE - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger